អាជីវកម្មក្នុងវិស័យអចលនទ្រព្យកំពុងមានការរីកលូតលាស់យ៉ាងខ្លាំងនៅកម្ពុជា ដោយមើលឃើញថាមានអ្នកប្រកបរបរក្នុងវិស័យនេះយ៉ាងច្រើនគួរឱ្យកត់សម្គាល់ រួមមានទាំងក្រុមហ៊ុនភ្នាក់ងារទិញ-លក់ និងអ្នកគក់ជេជាច្រើន។
អ្វីដែលជាបញ្ហានោះគឺ ថាតើអ្នកប្រកបអាជីវកម្មទាំងអស់នោះ សុទ្ធតែត្រឹមត្រូវស្របច្បាប់ឬយ៉ាងណា? ទាំងនេះគឺជាកង្វល់សម្រាប់បណ្ដាអ្នកប្រកបអាជីវកម្មដែលមានជំនាញវិជ្ជាជីវៈស្របច្បាប់ និងក្រុមហ៊ុនដែលមានអាជ្ញាបណ្ណប្រកបអាជីវកម្មត្រឹមត្រូវ ព្រមទាំងអ្នកដែលមានបំណងចង់ប្រកបអាជីវកម្មក្នុងវិស័យនេះ។
នៅក្នុងថ្ងៃនេះ ក្រុមការងារCAMBIZIANនឹងធ្វើការបង្ហាញជូនលោកអ្នកអំពីបែបបទនៃការបង្កើតក្រុមហ៊ុនភ្នាក់ងារទិញ-លក់អចលនទ្រព្យស្របច្បាប់មួយនៅកម្ពុជា។

ដូចដែលលោកអ្នកបានទទួលជ្រាបខ្លះៗមកហើយថា ជំហានដំបូងនៃការបង្កើតក្រុមហ៊ុន គឺត្រូវធ្វើការចុះបញ្ជីនៅឯក្រសួងពាណិជ្ជកម្មជាមុនសិន បន្ទាប់មកទៀត គឺត្រូវចុះបញ្ជីពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ និងបង់ពន្ធប៉ាតង់ប្រចាំឆ្នាំលើកដំបូង។
ជំហានទាំងពីរខាងលើ គឺជាការបង្កើតក្រុមហ៊ុនមួយដោយស្របច្បាប់ ប៉ុន្ដែក្រុមហ៊ុនរបស់លោកអ្នកមិនទាន់អាចប្រកបអាជីវកម្មជាភ្នាក់ងារទិញ-លក់អចលនវត្ថុស្របច្បាប់នៅឡើយទេ គឺត្រូវទៅធ្វើការស្នើសុំអាជ្ញាបណ្ណអាជីវកម្មភ្នាក់ងារទិញ-លក់អចលនវត្ថុនៅឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបអាចមានសិទ្ធិប្រកបអាជីវកម្មជាភ្នាក់ងារទិញ-លក់អចលនវត្ថុបាន។

ដើម្បីមានសិទ្ធិក្នុងការស្នើសុំអាជ្ញាបណ្ណភ្នាក់ងារទិញ-លក់អចលនវត្ថុ នីតិបុគ្គល (ក្រុមហ៊ុន) ត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួន ដូចខាងក្រោម ៖
- ត្រូវមានអ្នកតំណាង ដើម្បីឈរឈ្មោះលើអាជ្ញាបណ្ណ ដែលត្រូវជាសមាជិកនៃក្រុមប្រឹក្សាភិបាល និងត្រូវមានអាយុយ៉ាងតិច២១ឆ្នាំ
- ត្រូវមានអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារទិញ-លក់អចលនវត្ថុយ៉ាងតិច១រូប
- ត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវវិជ្ជាជីវៈ (ឈរលើគោលការណ៍ស្ម័គ្រចិត្តមិនកំណត់ចំនួន)
- ត្រូវមានផែនការអាជីវកម្មរយៈពេល៣ឆ្នាំ ។

នៅពេលបំពេញគ្រប់នូវលក្ខខណ្ឌទាំងអស់នេះហើយ លោកអ្នកត្រូវរៀបចំនូវឯកសារដើម្បីធ្វើការស្នើសុំអាជ្ញាបណ្ណភ្នាក់ងារទិញ-លក់អចលនវត្ថុ ដែលរួមមាន ៖
- ពាក្យស្នើសុំអាជ្ញាបណ្ណ
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងលក្ខន្ដិកៈក្រុមហ៊ុន (ថតចម្លង)
- បណ្ណប៉ាតង់ (ថតចម្លង)
- ប្រវត្តិរូបសង្ខេបរបស់ម្ចាស់ភាគហ៊ុនទាំងអស់ សញ្ញាបត្រឬវិញ្ញាបនបត្រ ឬបទពិសោធន៍ការងារទាក់ទងនឹងអាជីវកម្ម
- លិខិតថ្កោលទោសរបស់ម្ចាស់ភាគហ៊ុនទាំងអស់
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែននិងទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា សម្រាប់ជនបរទេស (ថតចម្លង)
- សៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅសម្រាប់ជនបរទេស (ថតចម្លង)
- លិខិតបញ្ជាក់អាសយដ្ឋានទីតាំងអាជីវកម្ម (ថតចម្លង)
- កិច្ចសន្យាជួល ឬបណ្ណកម្មសិទ្ធ លើទីតាំងអាជីកម្ម
- ផែនការអាជីវកម្មរយៈពេល៣ឆ្នាំ
- លិខិតតែងតាំងមន្ត្រីប្រតិបត្តិ
- គំរូកិច្ចព្រមព្រៀងភ្នាក់ងារទិញ-លក់
- រូបថតទីតាំងអាជីវកម្ម
- រូបថតរបស់អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ទំហំ៤*៦ ចំនួន៣សន្លឹក។
ជាទូទៅ ការស្នើសុំអាជ្ញាបណ្ណនេះមានរយៈពេល៣០ថ្ងៃនៃថ្ងៃធ្វើការ គឺគិតចាប់ពីថ្ងៃដែលដាក់សំណុំឯកសារគ្រប់ចំនួន និងត្រឹមត្រូវ ហើយអាជ្ញាបណ្ណនេះគឺមានសុពលភាព៣ឆ្នាំ។ ដូច្នេះ ក្រុមហ៊ុនដែលចង់ប្រកបអាជីវកម្មជាភ្នាក់ងារទិញ-លក់អចលនវត្ថុ ចាំបាច់ត្រូវធ្វើការស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុនសិន ទើបក្លាយជាក្រុមហ៊ុនប្រកបអាជីវកម្មដោយស្របច្បាប់ ជៀសវាងការប្រកបអាជីវកម្មដោយខុសច្បាប់ ដែលអាចធ្វើឱ្យលោកអ្នកជួបប្រទះនូវបញ្ហាផ្សេងៗ
CAMBIZIAN មានផ្តល់ជូននូវសេវាកម្មពិគ្រោះយោបល់ ដើម្បីចាប់ផ្តើមអាជីវកម្ម និងរៀបចំអាជីវកម្មដែលមានស្រាប់ឲ្យដំណើរការទៅបានរលូន ដោយធានានូវសេវាគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ត ច្បាស់លាស់ មានតម្លារភាព តម្លៃសមរម្យ និងឆាប់រហ័ស!
សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖
– លេខទូរស័ព្ទ: 087 695 936 / 093 662 888 / 096 903 2495 / 070 268 276 (ខ្មែរ / English / 中柬)
– អ៊ីម៉ែល: kim.cambizian@gmail.com
– គេហទំព័រ: WWW.CAMBIZIAN.COM
– អាសយដ្ឋាន៖ អាគារ Diamond Twin Tower, កោះពេជ្រ រាជធានីភ្នំពេញ