ការចុះបញ្ជីក្រុមហ៊ុនថ្មី ដើម្បីប្រកបអាជីវកម្មគ្រប់ប្រភេទ កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ក្រោយពេលមានការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ នៅក្នុងក្រសួងពាណិជ្ជកម្មកន្លងមក ដោយយើងសង្កេតឃើញថា ក្រសួងបានដាក់ឲ្យដំណើរការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដែលលោក-លោកស្រី ជាពាណិជ្ជករ និងអាជីវករ អាចប្រើប្រាស់បានគ្រប់ទីកន្លែង ដែលមានភ្ជាប់អ៊ីនធឺណេត។
ទោះជាយ៉ាងនេះក្តី លោក-លោកស្រី ជាពាណិជ្ជករ និងអាជីវករភាគច្រើននៅពុំទាន់បានជ្រាបអំពីបែបបទនៃការចុះចញ្ជីក្រុមហ៊ុន ឲ្យបានស៊ីជម្រៅនៅឡើយ ពិសេសគឺការរៀបចំឯកសារតម្រូវសម្រាប់ការចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម។
ក្រុមការងាររបស់ CAMBIZIAN សូមលើកយកប្រធានបទមួយនេះ មកបកស្រាយយ៉ាងលម្អិត តាមរយៈអត្ថបទមួយនេះ ដើម្បីដោះស្រាយចម្ងល់ជូនលោក-លោកស្រី និងដើម្បីចែករំលែកការយល់ដឹង ទាក់ទងនឹងច្បាប់ពាណិជ្ជកម្ម ដូចតទៅ៖

- កំណត់ទម្រង់របស់ក្រុមហ៊ុន-សហគ្រាស៖ មុនពេលចុះបញ្ជីពាណិជ្ជកម្ម លោក-លោកស្រី ត្រូវសម្រេចចិត្តជាមុនសិន ថានឹងត្រូវបើកអាជីវកម្មជាប្រភេទក្រុមហ៊ុន ឬសហគ្រាស ទម្រង់បែបណា ដើម្បីឲ្យសមស្របទៅតាមសកម្មភាពអាជីវកម្មរបស់ខ្លួន។ ការជ្រើសរើសទម្រង់ចុះបញ្ជី ប្រែប្រួលទៅតាមសកម្មភាពអាជីវកម្មជាក់ស្តែង កម្រិតនៃសិទ្ធិក្នុងការធ្វើអាជីវកម្ម និងលក្ខខ័ណ្ឌផ្សេងៗទៀត ទាក់ទងនឹងការងារផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ទម្រង់ក្រុមហ៊ុន-សហគ្រាសសំខាន់ៗនៅកម្ពុជារួមមាន៖ សហគ្រាសសហកម្មសិទ្ធិ (Partnership) សហគ្រាសឯកបុគ្គល (Sole Proprietorship) ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (Private Company Limited) និង ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (Public Company Limited)។
- ស្នើសុំពាណិជ្ជនាម ឬ នាមករណ៍ក្រុមហ៊ុន៖ ក្រុមហ៊ុនចុះបញ្ចីថ្មី ត្រូវមាននាមករណ៍ក្រុមហ៊ុនជាភាសាខ្មែរ និងជាភាសាអង់គ្លេស ដែលនាមករណ៍នេះត្រូវមានលក្ខណៈពិសេស មិនស្រដៀង ឬដូចនឹងនាមករណ៍ក្រុមហ៊ុនដទៃ ដែលធ្វើឲ្យមានការភាន់ច្រឡំ។ ទាំងនាមករណ៍ជាភាសាខ្មែរ និងភាសាបរទេស ត្រូវមានសូរដូចគ្នា និងមិនអាចធ្វើការបកប្រែពីភាសាមួយ ទៅភាសាមួយទៀតបានទេ។ ជាទូទៅ លោក-លោកស្រីត្រូវធ្វើការបម្រុងទុកនាមករណ៍ក្រុមហ៊ុនជាមុន តាមរយៈប្រព័ន្ធអនឡាញ របស់ក្រសួងពាណិជ្ជកម្ម មុនពេលធ្វើការស្នើសុំចុះបញ្ជីក្រុមហ៊ុនជាផ្លូវការ។ ក្នុងករណីមានការផ្លាស់ប្តូរនាមករណ៍ក្រុមហ៊ុន-សហគ្រាស ក្រោយពេលចុះបញ្ជីពាណិជ្ជកម្មរួចជាស្ថាពរ លោក-លោកស្រីត្រូវស្នើសុំមកកាន់ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការផ្លាស់ប្តូរ ដោយបង់កម្រៃសេវាជូនរដ្ឋ។
- សកម្មភាពអាជីវកម្ម៖ លោក-លោកស្រី ត្រូវសម្រេចចិត្តថា ក្រុមហ៊ុន-សហគ្រាសដែលត្រូវបានបង្កើតឡើងនេះ នឹងធ្វើសកម្មភាពអាជីវកម្មអ្វីខ្លះ? លោក-លោកស្រីអាចធ្វើការជ្រើសរើសជម្រើសជាច្រើនក្នុងពេលតែមួយ លើកលែងសកម្មភាពមួយចំនួន ដែលត្រូវបានហាមឃាត់ដោយច្បាប់ ឬត្រូវបានរឹតត្បិត។ លោក-លោកស្រីអាចស្នើសុំធ្វើការផ្លាស់ប្តូរ ដក ឬបន្ថែមសកម្មភាពអាជីវកម្មនេះ នៅក្រោយពេលចុះបញ្ជីរួចក៏បាន ដោយត្រូវបង់កម្រៃសេវា ទៅកាន់ក្រសួងពាណិជ្ជកម្ម។
- អាសយដ្ឋានក្រុមហ៊ុន៖ ក្រុមហ៊ុន-សហគ្រាសទាំងអស់ ត្រូវមានអាសយដ្ឋានច្បាស់លាស់ ហើយម្ចាស់ក្រុមហ៊ុន-សហគ្រាសត្រូវបង្ហាញ និងធានាថាក្រុមហ៊ុន-សហគ្រាសដែលបង្កើតឡើង មិនមែនជាក្រុមហ៊ុនមានតែសំបក (ក្រុមហ៊ុនខ្យល់)។ ដើម្បីធានាបាននូវទំនុកចិត្តបែបនេះ ម្ចាស់ក្រុមហ៊ុន-សហគ្រាស ត្រូវផ្តល់ឯកសារបញ្ជាក់អាសយដ្ឋានមកកាន់ក្រសួងពាណិជ្ជកម្ម ដូចជា ៖ កិច្ចសន្យាជួលទីតាំង ឬប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ឬវិក្កយប័ត្រទឹកភ្លើង ឬឯកសារមួយចំនួនផ្សេងទៀត។ អាសយដ្ឋាននេះអាចធ្វើការផ្លាស់ប្តូរ នៅក្រោយពេលចុះបញ្ជីរួចក៏បាន ដោយត្រូវបង់កម្រៃសេវា ទៅកាន់ក្រសួងពាណិជ្ជកម្ម។
- ដើមទុនចុះបញ្ជី៖ លោក-លោកស្រីត្រូវសម្រេចចិត្ត និងកំណត់ថាត្រូវចាប់ផ្តើមដំណើរការក្រុមហ៊ុន-សហគ្រាសថ្មី ដោយចំណាយទឹកប្រាក់ប៉ុន្មាន ដើម្បីឲ្យសមស្របទៅតាមសកម្មភាពសហគ្រាសរបស់លោក-លោកស្រី។ ដើមទុនចុះបញ្ជីនេះមានឥទ្ធិពលនៅពេលលោក-លោកស្រីធ្វើការបិទបញ្ជីប្រកាសពន្ធប្រចាំឆ្នាំ (បង្ករការលំបាក ក្នុងករណីក្រុមហ៊ុនខាតច្រើនពេក លើសពីដើមទុនចុះបញ្ជី)។ ក្នុងការអនុវត្តជាក់ស្តែង ដើមទុនចុះបញ្ជីក្រុមហ៊ុនជាទូទៅគឺយ៉ាងហោចណាស់ ៥,០០០ ដុល្លារ ដែលទំហំទឹកប្រាក់នេះ មិនចាំបាច់ត្រូវតម្កល់នៅធនាគារនោះឡើយ។ ដើមទុនចុះបញ្ជីអាចធ្វើការកែប្រែបាននៅពេលក្រោយ ដោយត្រូវបង់កម្រៃសេវាទៅកាន់ក្រសួងពាណិជ្ជកម្ម។
- ព័ត៌មានម្ចាស់ភាគហ៊ុន៖ លោក-លោកស្រីត្រូវពិភាក្សា និងសម្រេចចិត្តថា ក្រុមហ៊ុន-សហគ្រាសថ្មីនេះ មានភាគហ៊ុនសរុបចំនួនប៉ុន្មាន មានម្ចាស់ហ៊ុនប៉ុន្មាននាក់ ហើយម្នាក់ៗ កាន់កាប់ភាគហ៊ុនចំនួនប៉ុន្មានភាគរយ។ លោក-លោកស្រីត្រូវផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងម្ចាស់ហ៊ុនមកកាន់ក្រសួងពាណិជ្ជកម្ម រួមមាន រូបថត៤*៦ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន លេខទូរស័ព្ទទំនាក់ទំនង អ៊ីមែល អាសយដ្ឋានក្នុង/ក្រៅប្រទេស ។ល។ លោក-លោកស្រីអាចស្នើសុំផ្លាស់ប្តូរសមាសភាពម្ចាស់ហ៊ុនបាន ក្រោយពេលចុះបញ្ជីរួច។
- ការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល៖ បន្ថែមពីលើការសម្រេចចិត្តជ្រើសរើសសមាសភាពម្ចាស់ហ៊ុន លោក-លោកស្រីក៏ត្រូវសម្រេចចិត្តជ្រើសរើសនិងបង្កើតសមាសភាពក្រុមប្រឹក្សាភិបាលផងដែរ។ សមាជិកក្រុមប្រឹក្សាភិបាលអាចជាម្ចាស់ហ៊ុន ឬតតិយជន ដែលជាតំណាងរបស់ម្ចាស់ហ៊ុនណាម្នាក់។ សមាសភាពក្រុមប្រឹក្សាភិបាលអាចត្រូវបានស្នើសុំធ្វើការផ្លាស់ប្តូរនៅពេលក្រោយ ដោយត្រូវជូនដំណឹងមកកាន់ក្រសួងពាណិជ្ជកម្ម និងត្រូវបង់កម្រៃសេវាផ្លាស់ប្តូរ។
- លេខទំនាក់ទំនង និងអ៊ីមែល៖ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ក្នុងករណីចាំបាច់ លោក-លោកស្រីក៏ត្រូវផ្តល់នូវលេខទំនាក់ទំនង និងអ៊ីមែលមកកាន់ក្រសួងពាណិជ្ជកម្មផងដែរ។ រាល់សេចក្តីជូនដំណឹង ការក្រើនរំលឹក ដែលចេញដោយក្រសួងពាណិជ្ជកម្ម នឹងត្រូវបានផ្ញើជូនលោក-លោកស្រីតាមរយៈលេខទូរស័ព្ទទំនាក់ទំនង និងអ៊ីមែលទាំងនេះ។
ខាងលើនេះ គឺជាព័ត៌មានចាំបាច់នានា ដែលលោក-លោកស្រីត្រូវរៀបចំទុកជាមុន ដើម្បីអាចស្នើសុំធ្វើការចុះបញ្ជីពាណិជ្ជកម្មបាន។ ក្រោយពេលចុះបញ្ជីរួចរាល់ជាស្ថាពរ លោក-លោកស្រីត្រូវបន្តចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានប័ណ្ណប៉ាតង់ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងការប្រថាប់ត្រាលើឯកសារក្រុមហ៊ុន។
ក្រុមការងាររបស់ CAMBIZIAN ក៏មានផ្តល់សេវាពិគ្រោះយោបល់ និងរៀបចំឯកសារពាក់ព័ន្ធគ្រប់បែបយ៉ាង ដើម្បីស្នើសុំចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម និងស្នើសុំចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ ដោយផ្តល់នូវសេវារហ័សទាន់ចិត្ត ជាមួយនិងតម្លៃសេវាសមរម្យ។ សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីទទួលបានសេវាប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ តាមរយៈទូរស័ព្ទលេខ៖ 087 695 936 / 093 662 888 / 096 903 2495 / 070 268 276 (ខ្មែរ / English / 中柬) ឬអញ្ជើញមកកាន់ការិយាល័យរបស់យើងខ្ញុំដែលស្ថិតនៅ អាគារ Diamond Twin Tower ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ (ក្បែរសាលកោះពេជ្រសម្រាប់រៀបចំមង្គលការ)។