មុនពេល និងក្រោយពេលចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្មរួចរាល់ ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងវិនិយោគិនមួយចំនួនបានស្វែងយល់យ៉ាងស៊ីជម្រៅ អំពីនីតិវិធីច្បាប់ បទប្បញ្ញត្ត និងបែបបទជាច្រើនទាក់ទងនឹងដំណើរការអាជីវកម្ម។ ដោយឡែក ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងវិនិយោគិនមួយចំនួនទៀត ពុំបានស្វែងយល់ឲ្យបានច្បាស់នៅឡើយទេ ដោយមូលហេតុ ពួកគាត់បានចំណាយពេលស្ទើទាំងស្រុង លើកិច្ចការសំខាន់ៗផ្សេងទៀត ដើម្បីគ្រប់គ្រងក្រុមហ៊ុនឲ្យមានប្រសិទ្ធភាព។

ទោះចង់ ឬមិនចង់ ការស្វែងយល់អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុន គឺជាកត្តាចាំបាច់បំផុត ដើម្បីបញ្ជៀសរាល់បញ្ហាប្រឈម និងហានីភ័យជាច្រើន។ តើកាតព្វកិច្ចរបស់ក្រុមហ៊ុន ក្រោយពេលចុះបញ្ជីពាណិជ្ជកម្ម មានអ្វីខ្លះ? ក្រុមការងាររបស់ CAMBIZIAN សូមលើកយកចំនុចសំខាន់ៗមួយចំនួន មកជម្រាបជូនលោក-លោកស្រី ដូចតទៅ៖
ស្វែងយល់បន្ថែមអំពីចំណេះដឹងនានា ទាក់ទងនឹងបែបបទច្បាប់ និងបទប្បញ្ញតនានាទាក់ទងនឹងអាជីវកម្មរបស់លោកអ្នក ដោយគ្រាន់តែចុចលើប៊ូតុងខាងលើ
- ការចុះបញ្ជីពន្ធដារ៖ គ្រប់ក្រុមហ៊ុន-សហគ្រាសដែលបានចុះបញ្ជីរួចរាល់នៅក្រសួងពាណិជ្ជកម្ម ត្រូវចុះបញ្ជីពន្ធដារ មិនឲ្យលើសរយៈពេល១៥ថ្ងៃធ្វើការ នៅអគ្គនាយកដ្ឋានពន្ធដារ។ ការខកខានមិនបានចុះបញ្ជីទាន់ពេលវេលា នឹងត្រូវរងការពិន័យនានាទាក់ទងនឹងសារពើពន្ធ។
- ការប្រកាសពន្ធប្រចាំខែ៖ ក្រោយពេលទទួលបានវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (អ.ត.ប) និងប័ណ្ណប៉ាតង់រួចរាល់ អគ្គនាយកដ្ឋានពន្ធដារ បានកំណត់កាលបរិច្ឆេទ ជាក់លាក់មួយ តាមរយៈលិខិតដែលភ្ជាប់ជាមួយប័ណ្ណទាំងពីរ ដោយតម្រូវឲ្យក្រុមហ៊ុនចាប់ផ្តើមបង់ពន្ធប្រចាំខែ។ ក្នុងខែនីមួយៗ ក្រុមហ៊ុនរបស់លោកអ្នក ត្រូវរៀបចំឯកសារសម្រាប់ប្រកាសពន្ធ បង់ប្រាក់ពន្ធឲ្យបានត្រឹមត្រូវនិងគ្រប់ចំនួននៅតាមធនាគារជាដៃគូរ និងបញ្ជូនឯកសារប្រកាសពន្ធទាំងអស់ទៅកាន់សាខាពន្ធដារ ខេត្ត/ខណ្ឌ ដែលក្រុមហ៊ុនតាំងនៅ។ ប្រភេទពន្ធជាទូទៅ ដែលត្រូវប្រកាសពន្ធ និងជាកាតព្វកិច្ចរបស់ក្រុមហ៊ុន រួមមាន៖ អាករលើតម្លៃបន្ថែម (VAT) ពន្ធអប្បបរមា ពន្ធកាត់ទុកលើថ្លៃឈ្នួលផ្ទះ ពន្ធលើប្រាក់បៀវត្សរ៍ និងពន្ធប្រភេទផ្សេងទៀត អាស្រ័យលើប្រភេទអាជីវកម្មរបស់លោកអ្នក។ ការខកខានមិនបានបំពេញកាតព្វកិច្ចនេះ នឹងត្រូវរងការពិន័យដូចជា ពន្ធលើអំពើរាំងស្ទះ ពន្ធបន្ថែម និងការប្រាក់ជាដើម។
- ការប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ៖ ជារៀងរាល់១ឆ្នាំម្តង ក្រុមហ៊ុន-សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចរាល់ ត្រូវធ្វើការប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់។ ឧទាហរណ៍ ការប្រកាសពន្ធសម្រាប់ឆ្នាំ២០២០ គឺត្រូវធ្វើឡើងចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ អត្រាពន្ធជាទូទៅ គឺ២០%នៃប្រាក់ចំណេញ ដោយត្រូវកាត់កងជាមួយទឹកប្រាក់ពន្ធអប្បបរមាដែលបានបង់រួច និងការទូទាត់លើអាករលើតម្លៃបន្ថែម (ធាតុចូល) និងអាករលើតម្លៃបន្ថែម (ធាតុចេញ)។ ការខកខានមិនបានបំពេញកាតព្វកិច្ចនេះ នឹងត្រូវរងការពិន័យដូចជា ពន្ធលើអំពើរាំងស្ទះ ពន្ធបន្ថែម និងការប្រាក់ជាដើម។
- ការបង់ពន្ធប៉ាតង់ប្រចាំឆ្នាំ៖ ដូចគ្នានិងការប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំដែរ ក្រុមហ៊ុន-សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចរាល់ ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់។ ទឹកប្រាក់ពន្ធ ប្រែប្រួល អាស្រ័យលើប្រភេទពន្ធរបស់ក្រុមហ៊ុន-សហគ្រាស (តូច មធ្យម ធំកម្រិត១ ឬធំកម្រិត២)។
- ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ៖ ការតម្កល់ប្រតិវេទន៍ ត្រូវធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ជារៀងរាល់ឆ្នាំ គិតចាប់ពីថ្ងៃដែលក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្មរួម (លើកលែងសហគ្រាសឯកបុគ្គល) ហើយកាលបរិច្ឆេទនៃការតម្លល់ មានការប្រែប្រួលអាស្រ័យលើ កាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្មជាស្ថាពរ របស់ក្រុមហ៊ុននីមួយៗ។ ការខកខានមិនបានតម្កល់ប្រតិវេទន៍ នឹងត្រូវរងការពិន័យជាទឹកប្រាក់ ២,០០០,០០០ រៀលក្នុង១ឆ្នាំ។
- កាតព្វកិច្ច នៅពេលមានការផ្លាស់ប្តូរ៖ រាល់ពេលមានការផ្លាស់ប្តូរនៅក្នុងក្រុមហ៊ុន ដូចជា ការប្តូរសមាសភាពក្រុមប្រឹក្សាភិបាល អាសយដ្ឋាន ភាគហ៊ុន ចំនួនដើមទុន សកម្មភាពអាជីវកម្ម នាមករណ៍ក្រុមហ៊ុន ។ល។ ក្រុមហ៊ុនត្រូវជូនដំណឹងទៅកាន់ក្រសួងពាណិជ្ចកម្ម និងអង្គភាពពន្ធដារ ក្នុងរយៈពេល១៥ថ្ងៃធ្វើការ។ ការខកខានក្នុងការជូនដំណឹង នឹងត្រូវរងការពិន័យ និងទោសទ័ណ្ឌនានា។

- កាតព្វកិច្ចផ្សេងៗ៖ ក្រុមហ៊ុន-សហគ្រាសដែលបានចុះបញ្ជីរួច អាចនឹងទទួលខុសត្រូវលើបញ្ហាមួយចំនួនទៀត ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត ទាក់ទងនឹងអន្តោប្រវេសន៍ ច្បាប់ការងារ ឬកម្មសិទ្ធិបញ្ញា ។ល។
សម្រាប់ព័ត៌មានលម្អិត ទាក់ទងនឹងកាតព្វកិច្ចរបស់ក្រុមហ៊ុន-សហគ្រាស ក្រោយពេលចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដារ សូមលោកអ្នកទាក់ទងមកកាន់ក្រុមការងាររបស់ CAMBIZIAN តាមរយៈលេខទូរស័ព្ទ 087 695 936 / 093 662 888 / 096 903 2495 / 070 268 276 (ខ្មែរ / English / 中柬) ឬអញ្ជើញមកកាន់ការិយាល័យរបស់ក្រុមហ៊ុន ដែលស្ថិតនៅអាគារ Diamond Twin Tower ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ឬចូលទៅកាន់គេហទំព័រ http://www.cambizian.com